Sino Plaza របស់​ចិន

នៅ​ទល់​មុខ​បឹង​ត្របែក Plaza គេ​សង្កេត​ឃើញ​មាន​គម្រោង​អភិវឌ្ឍ​ដែល​មាន​ទំហំ​ ២១៧ ០០០ ​ម៉ែត្រ​ការ៉េ ដែល​នឹង​មាន​អគារ​លំនៅឋាន ​ការិយាល័យ ផ្សារ​ទំនើប ភោជនីយដ្ឋាន រោង​ភាព​យន្ត និង​សណ្ឋាគារ​ផ្កាយ​៥​មួយ​។ គម្រោង Sino Plaza នេះ គឺ​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​តាម​បណ្តាយ​ផ្លូវ​លូ​ទឹក​ស្អុយ ​នៅ​តំបន់​បឹងត្របែក ខណ្ឌ​ចំការមន ដែល ប៉ុស្តិ៍​អចលនទ្រព្យ​ ធ្លាប់​បាន​ចុះ​ផ្សាយ​ថា លូ​ទឹក​ស្អុយ​នោះ​ត្រូវ​បាន​បើក​ចោល​ដើម្បី​សម្រួល​ដល់​បញ្ហា​លិច​ទឹក​នៅ​ក្នុង​រដូវ​វស្សា​។ ដើម្បី​ប្រកួត​ប្រជែង​នឹង​គម្រោង​វិនិយោគ​ដែល​មាន​ទំហំ​យក្ស​ផ្សេង​ទៀត Sino Plaza នឹង​មាន​អគារ​ចំនួន​ ៤ រួម​មាន​អគារ​អាផាតមិន​៤២​ជាន់​ចំនួន​២, អគារ​ ៣៦​ ជាន់​ចំនួន​ ១ សម្រាប់​ជា​សណ្ឋាគារ​ផ្កាយ​ប្រាំ និង​រោងភាព​យន្ត, និង​អគារ​ ៤៣​ ជាន់​មួយ ​សម្រាប់​យូនីត​ការិយាល័យ និង​ខុនដូ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទីតាំង​របស់​គម្រោង​នេះ គឺ​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​នឹង HOPSCA (​សណ្ឋាគារ ការិយាល័យ សួន​ឧស្យាន កន្លែង​ទិញ​ទំនិញ ទីតាំង​សម្រាប់​ការ​ប្រជុំ និង​អាផាតមិន​) ឬ​ក៏​គម្រោង​វិនិយោគ​ចម្រុះ​ផ្សេងៗ​ទៀត ដែល​កំពុង​តែ​រីក​ដុះ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ម្ខាង​នៃ​គម្រោង Sino Plaza គឺ​ត្រូវ​បាន​សង់​ឡើង​នៅ​តាម​បណ្តោយ​លូ​ទឹក​ស្អុយ​បឹង​ត្របែក បច្ចុប្បន្ន​ជា​ទីតាំង​សម្រាប់​ហាង​លក់​ ទូរស័ព្ទ បៀរហ្គាឌិន និង​តូប​លក់​ចំណី​អាហារ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ បើ​ទោះ​ជា​តំបន់​នោះ​ផ្ទាល់​មាន​ក្លិន​មិន​ល្អ និង​សំរាម​ផ្សេងៗ​ជា​ច្រើន​ក៏​ដោយ​។ ខណៈ​ពេល​ដែល​ប៉ុស្តិ៍​អចលនទ្រព្យ ធ្វើ​ដំណើរ​ទៅ​ដល់​បន្ទប់​បង្ហាញ​ របស់ Natural Lucky Real Estate ដែល​ជា​តំណាង​អ្នក​វិនិយោគ​ចិន​របស់ Sino Plaza បុគ្គលិក​ផ្នែក​លក់​នៅ​ទីនោះ បាន​ឆ្លើយ​ទាំង​ស្ទាក់ស្ទើរ​ថា​ ៖ «​ពួក​យើង​បាន​ជួប និង​ជជែក​ពី​គម្រោង​របស់​ពួក​យើង​ជា​មួយ​នឹង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មុន​នឹង​ធ្វើ​ការ​គ្រប​លូ​នេះ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​របស់​ពួក​យើង​»។ ទោះ​ជា​យ៉ាង​ណា មិន​មាន​ព័ត៌មាន​លម្អិត​ណា​បន្ថែម​ឡើយ ដោយ​សារ​លោក ឡុង ឌីម៉ង់ បាន​ថ្លែង​កាល​ពី​ពេល​លោក​នៅ​កាន់​តំណែង​ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថា លោក​ឬ​ក្រសួង​ពុំ​ច្បាស់​ថា តើ​ផ្នែក​ណា​មួយ​នៃ​រដ្ឋាភិបាល​ដែល​ក្រុមហ៊ុន​មួយ​នេះ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ឡើយ​។ បើ​ទោះ​ជា​លូ​មួយ​ផ្នែក​ដែល​នៅ​ជាប់ Sino Plaza ត្រូវ​បាន​គ្រប​ក៏​ដោយ ប៉ុន្តែ​ដោយ​លូ​ទាំង​មូល​មិន​ទាន់​ត្រូវ​គ្រប​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​នៅ​ក្បែរ​នោះ​មាន​ជះ​ក្លិន​មិន​ល្អ ហើយ​អាច​នឹង​ប៉ះពាល់​ដល់​គម្រោង «​ប្រណីត ទំនើប និង​ទាក់ទាញ​» មួយ​នេះ​។ ពេល​ធ្វើ​ដំណើរ​ទៅ​បន្ទប់​បង្ហាញ​របស់ Sino Plaza ជា​លើក​ទី​ពីរ នាយក​ក្រុម​គ្រប់គ្រង​គម្រោង ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា ​៖ «​ក្រុម​សំណង់​របស់​ពួក​យើង​បាន​ដាក់​គម្រប​ទៅ​លើ​លូ​នោះ ហើយ​​ការ​ស្នើ​សុំ​ដើម្បី​ធ្វើ​ការ​គ្រប​លូ​ដែល​ពួក​យើង​បាន​ដាក់​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ កំពុង​តែ​ត្រូវ​បាន​ដំណើរ​ការ​»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​បក​ប្រែ​សម្រាប់​អ្នក​ធ្វើ​ការ​ផ្នែក​សំណង់​សម្រាប់​គម្រោង​នោះ​ផ្ទាល់​បាន​ធ្វើ​ការ​ឆ្លើយ​តប​ផ្ទុយ​ពី​នោះ​។ លោក​បាន​និយាយ​ថា ក្រុម​ការងារ​សំណង់​មិន​បាន​ធ្វើ​ការ​ប៉ះ​ពាល់ ឬ​គ្រប​លូ​ទឹក​ស្អុយ​នោះ​ឡើយ ដោយ​គម្រប​នោះ គឺ​មាន​តាំងពី​មុន​ពេល​ការ​ដ្ឋាន​សំណង់ Sino Plaza បាន​ចាប់​ផ្តើម​កាល​ពី​ ពាក់​កណ្តាល​ឆ្នាំ​ ២០១៥ ​មក​ម្ល៉េះ។ លោក ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន បាន​បញ្ជាក់​ដែរ​ថា លោក​ពុំ​បាន​សង្កេត​ឃើញ​មាន​ការ​ប្រែ​ប្រួល​នៅ​លូ​ទឹក​ស្អុយ​នោះ​ផ្ទាល់​ទេ ដោយ​គម្រប​នោះ​ត្រូវ​បាន​ដាក់​តាំងពី ៥​ ទៅ​ ៦ ​ឆ្នាំ​មុន​មក​ម្ល៉េះ។ លោក​បាន​បន្ត​ថា​ ៖ «Sino Plaza មិន​បាន​អភិវឌ្ឍ​អ្វី​នៅ​ទីនោះ​ទេ ហើយ​ខ្ញុំ​ជឿថា ក្រុមហ៊ុន​នឹង​មិន​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​ក្រុង​នោះ​ឡើយ»​។ បញ្ជាក់​ពី​សម្តី​របស់​អតីត​អ្នក​នាំ​ពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ (​លោក ឡុង ឌីម៉ង់​) ដែល​បាន​ថ្លែង​ក្នុង​ការ​រាយការណ៍​របស់ ប៉ុស្តិ៍​អចលនទ្រព្យ កាល​ពី​មុន ដោយ​លោក​បាន​ថ្លែងថា មិន​មាន​គម្រោង​គ្រប ឬ​កែប្រែ​លូ​នោះ​ទេ ដោយ «​លូ​នោះ​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​សម្រួល​ដល់​បញ្ហា​លិច​ទឹក​នៅ​បឹង​ត្របែក​»​។ គម្រោង Sino Plaza ដែល​មាន​តម្លៃ ២៥០​ លាន​ដុល្លារ​នេះ នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០១៨ ហើយ​ទាល់​តែ​ពេល​នោះ​ទើប​អាច​ដឹង​ច្បាស់​ថា តើ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​មួយ​នេះ បាន​ដាក់​ពាក្យ​ស្នើរ​សុំ​ទៅ​កាន់​ក្រសួង​ដើម្បី​គ្រប​លូ​ទឹក​ស្អុយ​នោះ​បាន​ដោយ​ជោគ​ជ័យ ឬ​យ៉ាង​ណា​?