ក្រុមហ៊ុន​ផលិត​​មាស ​នៅ​ស្ទាក់ស្ទើរ​វិនិយោគ​ ទោះ​តម្លៃ​មាស​កើនឡើង

ក្រុងដាកាៈ កំណើនថ្លៃមាសខ្ពស់នៅក្នុងឆ្នាំ ២០១៦ នេះអាចផ្តល់ក្តីសង្ឃឹមដល់ឧស្សាហកម្មរុករករ៉ែដែលកំពុងទទួលរង ផលប៉ះពាល់តែបន្ទាប់ពីជួបរយៈពេលលំបាករយៈពេលបួនឆ្នាំមកនេះ ក្រុមហ៊ុនផលិតមាសនៅតំបន់អាហ្វ្រិកនៅតែមិនអាចនិយាយបានថា ពេលវេលាដ៏លំបាកនេះបានដល់ទីបញ្ចប់។

តម្លៃមាសបានកើនឡើង ១៥ ភាគរយជាលើកដំបូងក្នុងរយៈពេលបីខែក្នុងឆ្នាំ ២០១៦ នេះ និងជាកំណើនថ្លៃប្រចាំត្រីមាសខ្ពស់បំផុតក្នុងរយៈពេលជិត ៣០ ឆ្នាំដោយបានបង្កើនតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតមាសទាក់ទាញការ វិនិយោគថ្មី និងបង្កើនឱកាសជំរុញសេដ្ឋកិច្ចរបស់ប្រទេសដែលសម្បូររ៉ែមាស។

ក្រុមអ្នកជំនាញបានឲ្យដឹងថាការស្ទុះងើបឡើងវិញនៃតម្លៃមាស អាចជំរុញការអភិវឌ្ឍនៃរ៉ែមាសដែលមិនទាន់បានរុករកធំៗបន្ទាប់ពី តម្លៃមាសថោកគិតចាប់តាំងពីឆ្នាំ ២០១២ បានប៉ះពាល់ដល់ការរុករករ៉ែមាស និងធ្វើឲ្យគម្រោងជាច្រើនមិនអាចទទួលបានប្រាក់ចំណេញ។

តែក្រុមហ៊ុនផលិតមាសដែលផ្តោតការវិនិយោគនៅតំបន់អាហ្វ្រិកនៅ មិនទាន់បានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅ ឡើយទេដោយសារកំណើនថ្លៃមាសក្នុងរយៈពេលខ្លី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃមាសតែងកើនឡើងថ្លៃហើយ ធ្លាក់ចុះមកវិញយ៉ាងលឿនជាក់ស្តែងកំណើនថ្លៃមាសនាពេលថ្មីៗនេះបាន នៅទ្រឹងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបន្ទាប់ពីកំណើន ថ្លៃខ្ពស់ខ្លាំងនៅដើមឆ្នាំ។

ក្រៅពីតម្លៃអ្នកជំនាញឧស្សាហកម្មមួយចំនួនបានឲ្យដឹងថាការដាក់ សំណើដេញថ្លៃទិញក្រុមហ៊ុនផលិតមាសនាពេលថ្មីៗនេះអាចជាសូចនាករមួយ ទៀតចំពោះការស្ទុះងើបឡើងវិញនៃវិស័យមួយ។

ក្រុមហ៊ុន Amara Mining Plc ដែលមានគម្រោងរុករកមាសនៅប្រទេសកូតឌីវ័រ និងប្រទេសសៀរ៉ាឡេអូននឹងត្រូវដាក់ដេញថ្លៃក្នុងតម្លៃ ៨៥ លានដុល្លារដោយក្រុមហ៊ុន Perseus Mining Limited របស់ប្រទេសអូស្រ្តាលី។

ក្រុមហ៊ុន Endeavour Mining Corp របស់ប្រទេសកាណាដាដែលមានអណ្តូងរ៉ែមាសនៅប្រទេសកូតឌីវ័រ ម៉ាលី និងហ្គាណា កំពុងដំណើរការទិញយកក្រុមហ៊ុន TrueGold ដែលជាក្រុមហ៊ុនរុករករ៉ែដែលមានមូលដ្ឋាននៅអាហ្វ្រិកខាងលិចមួយ។

តម្លៃមាសបានធ្លាក់ចុះធៀបនឹងតម្លៃជាង ១៩០០ ដុល្លារក្នុងមួយអោនកាលពីឆ្នាំ ២០១១ មកនៅជិត ១០០០ ដុល្លារនៅចុងឆ្នាំមុន។ ក្រុមហ៊ុនរុករករ៉ែដែលអាចទទួលបានប្រាក់ចំណេញនៅតម្លៃ ១៥០០ ដុល្លារស្រាប់តែបានក្លាយជាក្រុមហ៊ុនខាតបង់ភ្លាមៗ។ ការរុករករ៉ែត្រូវបានផ្អាកតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរុករករ៉ែក៏ បានដាំក្បាលចុះដែរ។

ទិន្នផលមាសនៅតែមានកម្រិតខ្ពស់ភាគច្រើនដោយសារផលិតកម្មរបស់ ក្រុមហ៊ុនរុករករ៉ែដែលមានស្រាប់។ ទោះជាយ៉ាងនេះក្តីបើគ្មានការរុករករ៉ែថ្មីធំៗទេទិន្នផលមាសអាច នឹងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

បច្ចុប្បន្នតម្លៃមាសខ្ពស់ជាង ១២០០ ដុល្លារក្នុងមួយអោន៕