សិង្ហបុរី​ យក​ឈ្នះ​ក្រុង​ ហុងកុង​ ក្លាយ​ជា​មជ្ឈមណ្ឌ​លហិរញ្ញវត្ថុ​លេខ ៣

ក្រុងសិង្ហបុរីៈ ប្រទេសសិង្ហបុរីបានយកឈ្នះទីក្រុងហុងកុងក្លាយជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុលេខ ៣ របស់ពិភពលោក។ នេះបើយោងតាមការអង្កេតមួយរបស់ក្រុមហ៊ុនស្រាវជ្រាវ Z/Yen Group ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះជាប់ចំណាត់ថ្នាក់ក្រោម ទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក និងមានពិន្ទុខ្ពស់ជាងទីក្រុងហុងកុងចំនួន ២ ពិន្ទុនៅលើសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដែលបានចេញផ្សាយ កាលពីថ្ងៃទី ៦ ខែមេសាលើគេហទំព័ររបស់ក្រុមហ៊ុនមួយនេះ។

សន្ទស្សន៍ដែលមានពិន្ទុ ១០០០ ពិន្ទុនេះគឺផ្អែកលើការអង្កេតមួយចំនួនរបស់អ្នកអាជីពផ្នែក សេវាហិរញ្ញវត្ថុចំនួន ២៥២០ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Z/Yen Group។

ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីវិស័យដែលមានការប្រកួតប្រជែង ខ្លាំងដូចជាបរិយាកាសពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរបស់មូលដ្ឋានចំនួន ៨៦ នៅទូទាំងពិភពលោកដែលស្ថិតក្រោមការអង្កេតនេះ។

ទីក្រុងតូក្យូជាប់ចំណាត់ថ្នាក់ទី ៥ ទីក្រុងមុយនិចជាប់ចំណាត់ថ្នាក់ទី ៦ នៅក្នុងលទ្ធផលនៃការអង្កេតនេះ។ ក្រុមហ៊ុន Z/Yen Group បានចេញផ្សាយការអង្កេតនេះជាលើកដំបូងពីខែមីនា ២០០៧ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុននេះ។

យោងតាមទិន្នន័យផ្លូវការនាពេលថ្មីៗនេះប្រទេសសិង្ហបុរីស្ថិត ក្រោយទីក្រុងហុងកុងទាក់ទងនឹងទ្រព្យសម្បត្តិសរុបស្ថិតក្រោមការ គ្រប់គ្រង។

ទ្រព្យសម្បត្តិដែលកាន់កាប់ដោយឧស្សាហកម្មគ្រប់គ្រងមូលនិធិរបស់ ប្រទេសសិង្ហបុរីបានកើនឡើង ៣០ ភាគរយ ដល់ ២,៣៦ ពាន់ពាន់លានដុល្លារសិង្ហបុរី (១,៧៥ ពាន់ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំ ២០-១៤ ដែលជាតួលេខចុងក្រោយដែលមាននេះបើយោងតាមអាជ្ញាធររូបិយវត្ថុ សិង្ហបុរី។

ទ្រព្យសម្បត្តិមូលនិធិសរុបរបស់ទីក្រុងហុងកុងមានចំនួនរហូតដល់ ១៧,៧ ពាន់ពាន់លានដុល្លារហុងហុង (២,៣ ពាន់ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុននេះបើយោងតាមគណៈកម្មាធិការមូលបត្រ និងកិច្ចសន្យាអនាគតរបស់ក្រុងហុងកុង។

សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីកើនឡើង ២,១ ភាគរយនៅឆ្នាំ ២០១៥ ហើយត្រូវបានក្រុមសេដ្ឋវិទូបានព្យាករថា នឹងកើនឡើង ២,២ ភាគរយនៅឆ្នាំនេះ៕