កម្ពុជា គឺជា​កន្លែង​ឱកាស​វិនិយោគ​ល្អ​បំផុត តែ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ការងារ​យឺតយ៉ាវ​បន្តិច​

សូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងលោកគី សុខលីម អគ្គនាយកសារព័ត៌មានថ្មីៗ និងលោក Ken Gadaffi ជាទីប្រឹក្សានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដូចតទៅ៖

«ឱកាស, សម្ផស្សនៃទឹកដីខ្មែរ, ពលរដ្ឋចិត្តល្អ, ខ្វះធនធានមនុស្ស»។ ទាំងអស់នេះ គឺជាអ្វីបានទាក់ទាញលោក Ken Gadaffi កាលពី១៣ឆ្នាំមុនឲ្យមករស់នៅក្នុងប្រទេសកម្ពុជាជាមួយនឹងគ្រួសារ របស់លោក។


បច្ចុប្បន្នលោកមានកូនស្រី២នាក់ និងប្រុសម្នាក់។ កាលដំបូងឡើយ លោក និងភរិយា គ្រាន់តែជាគ្រូបង្រៀនភាសាអង់គ្លេសនៅតាមសកលវិទ្យាល័យតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកដោយសារលោកមានជំនាញខាងកីឡា, លោក Ken Gadaffi ក៏បានហក់ចូលវិស័យកីឡា មុននឹងក្លាយខ្លួនជាទីប្រឹក្សានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជា ផ្លូវការ។



លោក Ken Gadaffi មានជំនាញច្រើន ក្នុងនោះមាន៖ ជំនាញខាងអភិវឌ្ឍជនបទ ខាងកីឡា និងជំនាញខាងសំណេរអត្ថបទសារព័ត៌មាន។ ដោយសារតែចូលចិត្តផ្នែកអភិវឌ្ឍជនបទនេះហើយទើបកាលពីជិត១០ឆ្នាំមុន លោកបានសាកល្បងចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែមុខរបរនោះ ទទួលបរាជ័យទៅវិញ។ រហូតមកដល់សព្វថ្ងៃនេះ ជំនាញបីយ៉ាងដែលលោក Ken Gadaffi នៅតែចាប់យកដដែលនៅក្នុងប្រទេសកម្ពុជានោះ គឺជំនាញបង្រៀន ជំនាញកីឡា និងជំនាញខាងសារព័ត៌មាន។

កាលពី១៣ឆ្នាំមុន លោកមិនមានបំណងរស់នៅក្នុងប្រទេសកម្ពុជាទេ។ លោកគ្រាន់តែមកកម្ពុជាក្នុងនាមជាអ្នកទេសចររយៈពេលខ្លីប៉ុណ្ណោះ។ តែឱកាស កង្វះខាតធនធានមនុស្ស និងសម្រស់នៃទឹកដីអង្គរដ៏បវរបានទាក់ទាញទឹកចិត្តបុរសជនជា អាហ្វ្រិកខេនរូបនេះឲ្យរស់នៅក្នុងប្រទេសកម្ពុជាតែម្តង។ «ប្រទេសកម្ពុជាស្អាត ពលរដ្ឋខ្មែរល្អ ម្ហូបអាហារខ្មែរស្រដៀងគ្នានឹងម្ហូបនៅអហ្វ្រិក»។ ទាំងអស់ជាអ្វីដែលលោក Ken Gadaffi គិតថាល្អសម្រាប់រូបលោកដើម្បីរស់ក្នុងប្រទេសកម្ពុជា។

ក្រោមក្រសែភ្នែកលោក Ken Gadaffi កម្ពុជាមានការរីកចម្រើនច្រើនក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ព្រោះ កាលពីពេលដែលលោកមកដល់កម្ពុជាភ្លាម ទីក្រុងភ្នំពេញ គឺជាទីក្រុង«ដេកលក់» មានន័យថា មិនទាន់មានសកម្មភាពសេដ្ឋកិច្ចច្រើន មិនទាន់មានចរាចរណ៍ច្រើនទេ។ សម្រាប់លោក Ken Gadaffi «កម្ពុជា គឺជាទឹកដីឱកាសម្រាប់ការវិនិយោគ។ មានប្រាក់តិចតួចក៏អាចវិនិយោគនៅកម្ពុជាបានដែរ ខុសពីនៅអាមេរិក ថៃ ឬសឹង្ហបុរី…»។



កម្ពុជាមានឱកាសធំ កម្ពុជារីកចម្រើនមែន។ តែលោក Ken Gadaffi កត់សម្គាលឃើញថា ពលរដ្ឋខ្មែរហាក់បីដូចជានៅយឺតយ៉ាវបន្តិច មានន័យថា ពលរដ្ឋខ្មែរទំនងជាចង់លម្ហែកាយច្រើនជាងការងារបន្តិច។ លោករស់នៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំហើយ តើលោកចង់រស់នៅជារៀងរហូតនៅកម្ពុជា ឬយ៉ាងដូចម្តេច?

លោកបានឆ្លើយវិញថា លោកមិនទាន់ដឹងទេ តែអ្វីដែលប្រាកដ គឺថា លោកចង់រស់នៅបន្តរហូតដល់ចប់ស៊ីហ្គែមនៅឆ្នាំ២០២៣ខាងមុខនេះ។ លោកបានហៅខ្លួនឯងថា«កម្មជា-រៀន» មានន័យថា កម្ពុជា-ណាយជេរៀ៕