ធនាគារ​ពិភពលោកថា​កំណើន​សេដ្ឋកិច្ច​

របាយការណ៍ថ្មីរបស់ធនាគារពិភពលោកបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅតែមានភាពរឹងមាំ និងត្រូវបានគេរំពឹងថាថយចុះបន្តិចបន្តួចប៉ុណ្ណោះនៅកំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៨ បើទោះបីជាពិភពលោកកំពុងជួបបញ្ហាប្រឈម។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃចន្ទនេះ ធនាគារពិភពលោកឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ា ត្រូវគេរំពឹងថានឹងថយចុះពី៦,៥ភាគរយនៅក្នុងឆ្នាំ២០១៥ មកនៅ៦,៣ភាគរយនៅក្នុងឆ្នាំ២០១៦ និងថយចុះមកនៅ៦,២នៅក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។ សេចក្ដីប្រកាសព័ត៌មានបន្តថា ការព្យាករណ៍នេះឆ្លុះបញ្ចាំងពីការថយចុះយឺតៗនៃកំណើនសេដ្ឋកិច្ច របស់ចិនដែលកំណើនថេរ ហើយនិងត្រូវបានគេរំពឹងថាថយចុះមកនៅត្រឹម៦,៧ភាគរយក្នុងឆ្នាំ ២០១៦ និង៦,៥ភាគរយក្នុងឆ្នាំ២០១៧ បើធៀបនឹងឆ្នាំ២០១៥គឺ៦,៩ភាគរយ។

សេចក្ដីប្រកាសព័ត៌មានបន្ថែមថា ការប្រមើលមើលនេះគឺផ្ដោតលើហានិភ័យដែលបានកើតឡើង ហើយប្រទេសជាច្រើនគួរតែបន្តកំណត់អាទិភាពលើគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ ដែលធនាគារពិភពលោកអះអាងថានឹងជួយកាត់បន្ថយនូវភាពងាយរងគ្រោះ និងពង្រឹងភាពជឿជាក់ ខណៈដែលកំពុងតែធ្វើកំណែទម្រង់រចនាសម្ព័ន្ធដែលមានលក្ខណៈស៊ីជម្រៅ។

របាយការណ៍របស់ធនាគារពិភពលោកដែលមានចំណងជើងថា បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានស្នើឲ្យមានការគិតគូរជាបន្តលើម៉ាក្រូសេដ្ឋកិច្ច និងស្នើឲ្យមានការធ្វើកំណែទម្រង់ប្រកបចោយនិរន្តរភាព។ របាយការណ៍នេះក៏បានជំរុញផងដែរឲ្យធ្វើការផ្លាស់ប្ដូរចំណាយសាធារណៈ ពីហេដ្ឋារចនាសម្ព័ន្ធទៅជាសេវាសាធារណៈ ដូចជាវិស័យអប់រំ សុខភាព និងជំនួយសង្គមកិច្ច ព្រមទាំងការការពារបរិស្ថាន។

ក្នុងរយៈពេលវែង របាយការណ៍នេះក៏បានស្នើឲ្យរដ្ឋាភិបាលនានាបង្កើនតម្លាភាព និងពង្រឹងគុណភាពគណនេយ្យភាបផងដែរ។ ក្រៅពីនោះ របាយការណ៍ជំរុញឲ្យប្រទេសនានាកាត់បន្ថយរនាំងពាណិជ្ជកម្មក្នុងតំបន់ ដូចជាវិធានការអត់យកពន្ធ និងរនាំងនៃបទបញ្ជារួមទាំងការធ្វើពាណិជ្ជកម្មផ្នែកសេវាកម្ម។ របាយការណ៍នេះសង្កត់ធ្ងន់ថា អត្ថប្រយោជន៍ដែលទទួលបានពីការធ្វើបដិវត្តឌីជីថលនឹងត្រូវបានពង្រី តាមរយៈការបង្កើតប្រព័ន្ធបទបញ្ជាដែលគាំទ្រឲ្យមានការប្រកួត ប្រជែង និងតាមរយៈការជួយដល់កម្មករទទួលយកនូវជំនាញរបស់ពួកកែឲ្យស្របទៅ តាមតម្រូវការនៃសេដ្ឋកិច្ចថ្មី៕