រ៉ូយ៉ាល់​គ្រុប ​ពិភាក្សា​វិនិយោគ​បំពង់​បង្ហូរ​ប្រេង

ភ្នំពេញៈ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់លោក គិត ម៉េង កំពុងចរចាជាមួយក្រុមហ៊ុនប្រេងឥន្ធនៈគ្រប់គ្រងដោយរដ្ឋរបស់ចិនពីរ ដើម្បីធ្វើការសិក្សាលទ្ធភាពសាងសង់បំពង់បង្ហូរប្រេងមួយពីក្រុង ព្រះសីហនុមកទីក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីក្រសួងរ៉ែ និងថាមពលកម្ពុជាកាលពីសប្ដាហ៍មុន។

លោក ម៉េង ស័ក្ដធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថាក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបបានពិភាក្សាក្នុងការអភិវឌ្ឍសមត្ថភាពចុងខ្សែ (ផ្គត់ផ្គង់បន្ត ឬ downstream) របស់កម្ពុជាតាមរយៈបំពង់បង្ហូរប្រេង។

លោកថ្លែងថាពេលថ្មីៗនេះក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កំពុងពិភាក្សាជាមួយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់ចិន និងក្រុមហ៊ុន Pertamina ជាក្រុមហ៊ុនប្រេង និងឧស្ម័នធម្មជាតិគ្រប់គ្រងដោយរដ្ឋរបស់ឥណ្ឌូនេស៊ី។

លោកបន្តថាក្រុមហ៊ុនឥណ្ឌូនេស៊ីបានធ្វើទស្សនកិច្ចរយៈពេលពីរ សប្ដាហ៍កន្លងមកហើយ និងកំពុងស្វែងរកមធ្យោបាយក្នុងការនាំចេញផលិតផលប្រេងមកកម្ពុជា ។

លោកថ្លែងថា៖ «ក្រុមហ៊ុនទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ ខាងសមត្ថភាពចុងខ្សែ។ សមត្ថភាពនេះរួមមានការសាងសង់រោងចក្រចម្រាញ់ប្រេង និងបំពង់បង្ហូរប្រេងព្រមទាំងរោងចក្រថាមពលសម្រាប់អគ្គិសនី»។

លោកបន្ថែមថាខណៈព័ត៌មានលម្អិតតិចតួចក្រុមហ៊ុនទាំងពីរនេះ កំពុងមានបំណងក្នុងការកំណត់ថាតើគម្រោងបំពង់បង្ហូរប្រេងនេះទៅ រួចឬយ៉ាងណា។

ប្រភពមួយបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថាសាខាបំពង់បង្ហូរប្រេងរបស់ ក្រុមហ៊ុន China National Petroleum Corporation ក្រុមហ៊ុន China Petroleum Pipeline Bureau បានជួបជាមួយលោក គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កាលពីពីរសប្ដាហ៍មុនដើម្បីពិភាក្សាពីផ្លូវដែលបានស្នើឡើង សម្រាប់បំពង់បង្ហូរប្រេងនេះ។

លោក ស័ក្ដធារ៉ា បានបញ្ជាក់ថា៖ «ក្រុមហ៊ុនត្រូវតែសិក្សាព័ត៌មានលម្អិតជាមុនហើយបន្ទាប់មកស្នើ គម្រោងនេះទៅរដ្ឋាភិបាល។ ជាមួយគ្នានេះដែររដ្ឋាភិបាលនឹងរៀបចំគោលនយោបាយ និងផែនការមេស្ដីពីរបៀបធ្វើសមត្ថភាពចុងខ្សែប្រកបដោយស្ថិរភាព និងប្រកួតប្រជែង»។

ខណៈដែលលោកបានថ្លែងថាការវិនិយោគលើផលិតផលចុងខ្សែគឺថ្មី ចំពោះកម្ពុជាទាំងវិស័យឯកជននិងវិស័យសាធារណៈចាំបាច់ត្រូវសហការ គ្នាក្នុងការធ្វើឲ្យប្រាកដថាបំពង់បង្ហូរប្រេងនេះមិនបង្ក ហានិភ័យដល់បរិស្ថាន។ នេះបើតាមលោក ស័ក្តធារ៉ា។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបដិសេធធ្វើអត្ថាធិប្បាយហើយទំហំ ឬព័ត៌មានលម្អិតនៃការវិនិយោគនេះនៅតែមិនច្បាស់លាស់នៅឡើយទេ។

លោក Tommy Christensen ជាអ្នកជំនាញប្រេង និងឧស្ម័នរបស់ប្រទេសដាណឺម៉ាក និងជាអគ្គនាយកក្រុមហ៊ុន Go4 Bunker Cambodia មានមូលដ្ឋាននៅប្រទេសដាណឺម៉ាកបានថ្លែងថាការសម្រេចចិត្តណាមួយ ទៅលើបំពង់បង្ហូរប្រេងរបស់រដ្ឋាភិបាលជាយុទ្ធសាស្ដ្រមួយចាំបាច់ ត្រូវមានបច្ចេកទេស ពាណិជ្ជកម្ម និងមានតម្លៃទាបដើម្បីទទួលបានជោគជ័យ។

លោកបន្ថែមថាបំពង់បង្ហូរប្រេងនេះមិនទាន់បង្ហាញជាអាទិភាពខ្ពស់ដោយសារតែវាមិនស្ថិតក្រោមការបែងចែកថវិកាជាតិ៕