តម្លៃ​ដីធ្លី​ឡើង​ថ្លៃ​ខ្ពស់​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា

ការកើនឡើងកាន់តែខ្ពស់នៃតម្លៃដីធ្លីនៅភ្នំពេញ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យរួមទាំងវិនិយោគិនក្នុងស្រុក និងមកពីបរទេស ដោយសារកំណើននេះមានកម្រិតខ្ពស់បំផុត ធៀបនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជា ដែលមានកម្រិតត្រឹម ៧ ភាគរយ។

លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានហៅនិន្នាការនេះថា ៖ «ជាអារម្មណ៍» ដោយលោកលើកឡើងថា ស្រុករបស់យើងធ្វើអ្វីៗតាមអារម្មណ៍ដូចហ្វូងកូនត្រី និងមេត្រី ពេលមេត្រីទៅដល់ទីណាកូនត្រីទៅតាមច្រើន ប៉ុន្តែពេលមេត្រីចេញបាត់កន្លែងនោះមានភាពស្ងប់ស្ងាត់។

លោកបន្តថា តម្លៃដីធ្លីឡើងថ្លៃលឿនពេកដែលកន្លែងខ្លះឡើងមិនសមហេតុផលដែលធ្វើ ឲ្យពិបាកក្នុងការវិនិយោគ ព្រោះតម្លៃដីនៅតំបន់ខ្លះបានកើនឡើងរហូតដល់៥០ ទៅ៨០ភាគរយ។

លោកបន្តថា ៖ «ការឡើងតម្លៃដីដែលសមហេតុផល វាអាស្រ័យលើកត្តាប្រជាសាស្ត្រ តំបន់ដែលអាចធ្វើពាណិជ្ជកម្មបាន និងអាចប្រកបមុខរបរដទៃទៀត តែកន្លែងខ្លះការឡើងមិនសមហេតុផលទេ»។

លោកបន្តថា ៖ «ផលប៉ះពាល់នៃការឡើងថ្លៃនៃតម្លៃដីធ្លីធំ ឬតូច វាអាស្រ័យលើកាលៈទេសៈ ប៉ុន្តែបច្ចុប្បន្នវាបានឈានដល់ចំណុចគួរមានការប្រុងប្រយ័ត្នមួយ ហើយ»។

អ្នកជំនួញផ្នែកអចលនទ្រព្យរូបនេះបានបន្ថែមថា ទីក្រុងរបស់យើងកាន់តែរីកធំ ទីក្រុងរណបនានាកាន់តែសកម្ម និងអាចប្រើប្រាស់បាន ខុសពីប៉ុន្មានឆ្នាំមុន ដែលទីក្រុងរណបនានាមិនទាន់ប្រើប្រាស់បាន ដូច្នេះចរន្តតម្លៃដីធ្លីពេលនេះត្រូវវិវត្តន៍យឺតៗមិនអាចធ្វើលឿន ដូចពេលមុនបាននោះទេ ព្រោះតំបន់ប្រើប្រាស់បាន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ឋកាន់តែមានគ្រប់គ្រាន់ហើយ។

 

Content image - Phnom Penh Post
ផែនទីបង្ហាញពីតម្លៃដីធ្លីនៅតាមតំបន់ផ្សេងៗគ្នាក្នុងទីក្រុងភ្នំពេញ។ រូបថត សហការី

 

លោក ប៊ុណ្ណា បន្តថា ៖ «តម្លៃដីធ្លីធៀបនឹងចំណូលរបស់ប្រជាជនមួយថ្ងៃ ឬមួយខែ គឺខ្ពស់ពេក ប៉ុន្តែបើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីតម្លៃដីនៅទីក្រុង ភ្នំពេញគឺនៅទាប តែទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់យើងតូចណាស់ធៀបជាមួយប្រទេសទាំងនោះ»។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានថ្លែងថា ការឡើងតម្លៃដីធ្លីដល់កម្រិតខ្ពស់បែបនេះមានសញ្ញាវិជ្ជមាន និងអវិជ្ជមាន។ វិជ្ជមានត្រង់ថា មានមនុស្សមួយក្រុមតូចបានផលចំណេញ ប៉ុន្តែអវិជ្ជមានគឺប៉ះពាល់ដល់មនុស្សជាច្រើន ពិសេសក្រុមប្រជាជនក្រីក្រ និងយុវជនទើបមានការងារធ្វើត្រូវជួបបញ្ហាប្រឈមជាច្រើន ព្រោះប្រាក់ខែរបស់ពួកគេធៀបនឹងតម្លៃផ្ទះពួកគេត្រូវចំណាយពេលពី ៣០ ទៅ ៤០ ឆ្នាំ ទើបអាចទិញផ្ទះ ឬដីសង់ផ្ទះរស់នៅបាន។

លោកបន្តថា ៖ «អ្វីក៏ដោយសុទ្ធតែជាអាវុធមុខពីរនៅក្នុងទីផ្សារសេរី ដែលមានអ្នកមានកាន់តែមានអ្នកក្រនឹងកាន់តែក្រីក្រ។ តម្លៃដីរបស់យើងបច្ចុប្បន្នបានឡើងជ្រុលស្ទើរមិនគួរឲ្យជឿ។ តម្លៃដីពិតជាហោះឡើង»។

លោកបន្តថា ៖ «ការឡើងថ្លៃដីបែបនេះ ធ្វើឲ្យអ្នកទិញមិនហ៊ានទិញ និងអ្នកលក់លក់ដីមិនចេញ ព្រោះបើអ្នកលក់ៗ ក្រោមតម្លៃទីផ្សារទើបអាចលក់ចេញដោយសារតម្លៃដាក់លក់លើទីផ្សារនាពេល នេះមិនមែនជាតម្លៃពិត។ អ្នកលក់បានដាក់លក់លើសតម្លៃទីផ្សារពី៣០ ទៅ៤០ភាគរយ ឯអ្នកទិញចង់ទិញក្រោមតម្លៃទីផ្សារ ១០ ភាគរយ»។

ជាក់ស្តែងតម្លៃដីធ្លីនៅខាងជើងទីក្រុងរណបកាំកូ តំបន់ផ្សារទំនើប EAON MALL ទី២ កាលពីឆ្នាំ២០១៣ ដីនៅតំបន់នោះមានតម្លៃត្រឹមតែ ១០០ ដុល្លារ ក្នុងមួយម៉ែត្រ ការ៉េ ប៉ុន្តែពេលនេះម្ចាស់ដីនៅតំបន់នេះបានដាក់តម្លៃដីរបស់ខ្លួន ក្នុងតម្លៃ ៥០០ ទៅ ១០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ដោយបង្ហាញអំពីតម្លៃទីផ្សារដីធ្លីនៅទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអេស៊ារៀលអេស្ទេត មានប្រសាសន៍ថា ជាទូទៅតម្លៃដីនៅក្នុងរាជធានីភ្នំពេញ មានអត្រាខុសៗគ្នាអាស្រ័យដោយទីតាំងផ្សេងៗគ្នា ប៉ុន្តែវានៅតែស្ថិតលើតម្លៃគោលពីរ គឺ ដីសម្រាប់ធ្វើអាជីវកម្ម និងដីសម្រាប់លំនៅឋាន។

លោក អ៊ាវគង់ បានបន្តថា ចំពោះតម្លៃដីនៅតំបន់ទន្លេបាសាក់ ដីសម្រាប់សាងសង់អគារពាណិជ្ជកម្មមានតម្លៃចន្លោះពី ៤០០០ ទៅ ៤៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីសម្រាប់សាងសង់លំនៅឋានថ្លៃ ២០០០ ទៅ ៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯដីធ្លីនៅតំបន់បឹងកេងកង១ ដីសម្រាប់សាងសង់អគារពាណិជ្ជកម្មមានតម្លៃ ៤៥០០ ទៅ ៧០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីសាងសង់លំនៅឋានថ្លៃ ៣៥០០ ទៅ ៤០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ រីឯដីនៅតំបន់ទួលទំពូងដីសម្រាប់សាងសង់អគារពាណិជ្ជកម្មមានតម្លៃ ចន្លោះពី ៣០០០ ទៅ ៥០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដីសម្រាប់សង់លំនៅឋានមានតម្លៃត្រឹមតែ ១៨០០ ទៅ ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក គីម ហ៊ាង បានបន្តថា កំណើនតម្លៃដីធ្លីនាពេលនេះ មិនសមស្របនឹងកំណើនសេដ្ឋកិច្ចរបស់យើងនោះទេ សេដ្ឋកិច្ចរបស់យើងកើនតែ៧ភាគរយ តែតម្លៃដីបានឡើងពី ៣០ ទៅ ៥០ ភាគរយ ក្នុងមួយឆ្នាំ។

លោកបន្តថា តម្លៃដីនៅតំបន់ខាងជើងទីក្រុងរណប កាំកូ អ្នកវិនិយោគក្នុងស្រុកមិនអាចដាក់ទុនវិនិយោគដើម្បីរកបានផលចំណេញ ដោយងាយទេប្រសិនបើគេទិញយកមកអភិវឌ្ឍន៍ផ្ទះល្វែង ប៉ុន្តែអាចធ្វើបានសម្រាប់សាងសង់ខុនដូ ប៉ុន្តែខុនដូនៅតំបន់នោះមិនទាន់ដល់ពេលនោះទេ។

យោងតាមរបាយការណ៍ចុងក្រោយបំផុតពីក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែក អចលនទ្រព្យលំដាប់អន្តរជាតិ Knight Frank បានបង្ហាញថា តម្លៃអចលនទ្រព្យទូទៅនៅរាជធានីភ្នំពេញ បានកើនឡើងគួរឲ្យភ្ញាក់ផ្អើលដល់ទៅ២៦,២០ភាគរយនៅក្នុងឆ្នាំ២០១៥ ដែលតួលេខនេះខ្ពស់ជាងទីក្រុងផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។

យោងតាមសន្ទស្សន៍អភិវឌ្ឍន៍ដីធ្លីនៅអាស៊ី Frank Knight បានឲ្យដឹងថា តម្លៃនៃដីលំនៅឋាននៅក្នុងរាជធានីភ្នំពេញ បានកើនឡើង ១០,៦០ ភាគរយ នៅពាក់កណ្តាលទីពីរនៃឆ្នាំ២០១៥ ដែលធ្វើឲ្យទីក្រុងមួយនេះស្ថិតនៅលំដាប់បន្ទាប់ពីទីក្រុងតូក្យូ និងក្លាយជាទីក្រុងមានតម្លៃដីធ្លីកើនឡើងខ្ពស់បំផុតនៅក្នុងតំបន់។

លោក ង៉ែត ពិសិដ្ឋ ជំនួយការអគ្គនាយកបុរីពិភពថ្មី មានការភ្ញាក់ផ្អើលនឹងកំណើនតម្លៃដីធ្លីនៅទីក្រុងភ្នំពេញ ដោយលោកបានថ្លែងថា ៖ «តម្លៃដីពិតជាបានឡើងលឿនពេកឡើងរហូតមិនគួរឲ្យជឿហើយការឡើងថ្លៃ បែបនេះដោយសារអ្នកវិនិយោគចិនចូលមកច្រើន ប៉ុន្តែបច្ចុប្បន្នចលនានៃការទិញដីហាក់ស្ងប់ស្ងាត់ហើយ ដោយសារមានការដាក់ស្លាកលក់ដីច្រើននៅគ្រប់ទីកន្លែង។

លោកបន្តថា ៖ «បើដីតម្លៃត្រឹម ១៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ អាចធ្វើផ្ទះល្វែង ជាន់ផ្ទាល់ដីលក់បាន ប៉ុន្តែបើតម្លៃខ្ពស់ជាងនេះការធ្វើផ្ទះលក់ពិបាករកផលចំណេញណាស់ ព្រោះបើផ្ទះជាន់ផ្ទាល់ដីលក់ក្នុងតម្លៃ ១០ ម៉ឺនដុល្លារ ពិបាកលក់ណាស់ ប៉ុន្តែបើផ្ទះអឺអង នៅតំបន់អាចរកស៊ីបានគឺអាចលក់បានក្នុងតម្លៃ ១០ ម៉ឺនដុល្លារ ឬខ្ពស់ជាងនេះ»។

លោកបន្តថា ៖ «ក្រុមហ៊ុនល្មមៗ នឹងរងផលប៉ះពាល់ពីការឡើងថ្លៃដីខ្ពស់បែបនេះតែក្រុមហ៊ុនធំៗទំនងជាមិនអីទេ»។

លោក ស៊ឹង ប៊ុណ្ណា បានបន្ថែមថា ការពុះដីទ្បូត៍លក់ គឺជាផ្នែកមួយធ្វើឲ្យតម្លៃដីឡើងថ្លៃ តែវាជាសញ្ញាបញ្ជាក់ថា ការពុះដីទ្បូត៍លក់ច្រើន ជាពេលដែលបរិយាកាសមិនល្អ ជាពេលដែលការលក់ដីធំៗមិនចេញ និងខ្វះលុយបង្វិល ព្រោះចលនាបែបនេះបានកើតឡើងម្តងហើយក្រោយឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ហើយឥឡូវបានកើតម្តងទៀត។

បុគ្គលិកផ្នែកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុនអចលនទ្រព្យ Century21 កម្ពុជា បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា ដោយសារតម្លៃដីធ្លីមានការកើនឡើងខ្ពស់នៅតំបន់សំខាន់ៗ ដូចជា តំបន់បឹងកេងកង ១ និងតំបន់ក្នុងសង្កាត់ទន្លេបាសាក់ ជាដើម ធ្វើឲ្យអតិថិជនជនជាតិខ្មែរ ដែលធ្លាប់មានទម្លាប់រស់នៅតាមផ្ទះវីឡាជាលក្ខណៈឯកជន កំពុងមានចំនួនតិចទៅៗ។

លោកបានថ្លែងថា៖ «ឥឡូវនេះអតិថិជនដែលធ្លាប់ស្វែងរកទិញលំនៅឋានបែបវីឡាដីឡូ នៅតាមតំបន់ល្អៗមានសុវត្ថិភាពខ្ពស់ និងមានកេរឈ្មោះទទួលស្គាល់ជាអន្តរជាតិនោះ កំពុងក្លាយជាអតិថិជនកម្ររបស់ពួកយើង ហើយយូរៗមានជួបមួយឬពីរប៉ុណ្ណោះ ដែលភាគច្រើនពួកគាត់មកពីត្រកូលអភិជនតែម្តង»។

«អតិថិជនប្រភេទនេះ នៅតែមានខ្លះ។ ពួកគាត់ក៏អាចមានលទ្ធភាពក្នុងការទិញយកវីឡាមានដីឡូតិ៍ ក្នុងតម្លៃប្រហែល ៣ លានដុល្លារអាមេរិក រួចពួកគាត់ជួសជុលកែសម្រួលឲ្យមានជាសួនច្បារយ៉ាងល្អស្អាត និងមានអាងហែលទឹកធំមួយជាដើម»។ នេះបើតាមសម្តីរបស់បុគ្គលិកទីផ្សារជាន់ខ្ពស់រូបនោះ។ «តម្លៃនេះគឺប្រហាក់ប្រហែល ៤ ៥០០ ទៅ ៥ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េដី»។

លោកបន្តថា៖ «ចំណែកអតិថិជនប្រភេទទី២ ដែលនិយមរស់នៅជាវិឡាឯកជនដូចគ្នានោះដែរ ប៉ុន្តែបានងាកចេញពីតំបន់បឹងកេងកង ១ ឬ ទន្លេបាសាក់ហើយ ដោយពួកគេទៅរស់នៅតំបន់ឆ្ងាយពីតំបន់ដែលមានតម្លៃដីឡើងខ្ពស់ៗ ទាំងនោះអស់ហើយ ក៏ប៉ុន្តែក៏នៅរក្សាទម្លាប់រស់នៅក្នុងវីឡាឯកជន ដែលមានតម្លៃរវាងពី ៧០ ម៉ឺនដុល្លារ ទៅជាង ១ លានដុល្លារប៉ុណ្ណោះ គឺបណ្តាលមកពីមូលហេតុផ្នែកហិរញវត្ថុនេះតែម្តង ព្រោះដីធ្លីវាឡើងថ្លៃខ្ពស់លឿនខ្លាំងពេក»៕